ទស្សនៈ ការប្រដៅ និងការជេរ
មនុស្សជាច្រើនតែងតែយល់ច្រឡំអត្ថន័យនៃពាក្យថា "ការប្រដៅ" និង "ការជេរ"។ ថ្វីត្បិតតែពាក្យទាំងពីរត្រូវបានគេប្រើជាញឹកញ៉ាប់នៅក្នុងកាលទិសៈតែមួយ ឬគេប្រើជាពាក្យតែមួយគឺ ជេរប្រដៅ ក៏ដោយប៉ុន្តែពាក្យទាំងពីរគឺមានអត្ថនន័យដាច់ស្រឡះ ហើយក្នុងគោលបំណងផ្ទុយគ្នាទៀតផង។យ៉ាងណាម៉ិញនៅក្នុងវចនានុក្រមសម្ដេចសង្ឃរាជជួនណាតបានឱ្យនិយមន័យពាក្យទាំងពីរដូចខាងក្រោម៖
- ប្រដៅ ឬប្រៀនប្រដៅ មានន័យថា ទូន្មាន, ឲ្យឱវាទ, ស្ដីថា, ក្រើនរំលឹក, បង្វឹក។ ឧទាហរណ៍ៈ ឪពុកម្ដាយប្រដៅកូន, គ្រូប្រដៅសិស្ស ។
- ជេរ មានន័យថាៈ ពោលពាក្យអសប្បុរស ដោយកំហឹង ឬដោយអាការឡេះឡោះផងក៏មាន ។ ជេរប្រទេច ជេរផងប្រទេចផង ។
ពេលអ្នកជាទីស្រឡាញ់ដូចជាប្ដី ប្រពន្ធ កូន...ធ្វើអ្វីមួយផ្ទុយពីឆន្ទៈរបស់អ្នក អ្នកនឹងមានអារម្មណ៍ថាពួកគេបានធ្វើខុសឆ្គងមកលើអ្នក បន្ទាប់អ្នកប្រហែលជាស្ដីបន្ទោស ឬ ណែនាំ ហើយពេលខ្លះក៏មានការជេរ ប្រមាថ ប្រទិច ដាក់បណ្ដាសាថែមទៀតផងក៏មាន។ អ្នកតែងគិតថាវាជារឿងធម្មតាដែលត្រូវប្រើប្រាស់ពាក្យបែបនេះ ព្រោះអ្នកធ្លាប់លឺ និងប្រើប្រាស់ពាក្យបែបនេះតាំងពីតូច ហើយអ្នកតែងប្រកាន់ពាក្យមួយថា ពួកគេសមនឹងទទួលនូវពាក្យបែបនេះ ហើយអ្នកគ្រាន់តែចង់អោយពួកគេកែខ្លួនប៉ុណ្ណោះ។
តាមរយៈនិយមន័យនៃពាក្យខាងលើបានបង្ហាញអោយឃើញច្បាស់ថាពាក្យ "ប្រដៅ" និង "ជេរ" មានអត្ថន័យខុសគ្នាស្រឡះ។ ហើយប្រើប្រាស់ក្នុងទិសដៅផ្សេងគ្នាដោយពាក្យមួយសម្រាប់ការអប់រំ ណែនាំដោយចេតនាល្អ ចង់អោយគេកែលម្អ និងមួយទៀតអាចជាចេតនាល្អ ឬមិនល្អ តែប្រកបដោយកំហឹង។ គេស្ដាប់ឬមិនស្ដាប់ ធ្វើតាមឬមិនធ្វើ មិនសំខាន់អោយតែបានជេរសិនចាំគិតទៀតដើម្បីរំសាយអារម្មណ៍ខឹង។
សរុបសេចក្តីមកដើម្បីឱ្យអ្នកណាម្នាក់ស្ដាប់តាមអ្នក អ្នកត្រូវតែជ្រើសរើសភាសាណាមួយដែលសមរម្យ បង្កប់ដោយសេចក្តីស្រឡាញ់ និងស្ដាប់ទៅដូចជាមិនមែនជាការបង្ខិតបង្ខំ ប៉ុន្តែគេចាំបាច់ត្រូវធ្វើ។ ការអប់រំមនុស្សមិនអាចប្រើពេល១ថ្ងៃបានផលទេ ដូចជាយើងរៀនចប់១២ឆ្នាំ និង៤ឆ្នាំសម្រាប់វិជ្ជាជីវ អ្នកខ្លះនៅតែមិនអាចធ្វើការបាន គឺទាមទាការអនុវត្តបន្ថែមទៀត។
..................................
អត្ថបទដោយៈ បួរ រស្មី
ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣
- Hits: 300